កំពុងមានបញ្ហាពិបាកឡើងទំងន់មែនទេ? អត្ថបទមួយនេះអាចជួយពួកយើងបាន
សំរាប់មនុស្សមួយចំនួនវាជាការពិបាកក្នុងការឡើងទំងន់ អ្នកខ្លះខំប្រឹងញាំយ៉ាងណាក៏មិនព្រមឡើងទំងន់ ស្របពេលជាមួយអ្នកខ្លះទោះមិនញាំអ្វីក៏ដោយក៏ឡើងទំងន់ដែរ។ ថ្ងៃនេះពួកយើងមកមើលទាំងអស់គ្នា ពីវិធីសាស្ត្រដែលអាចជួយអោយយើងឡើងទំងន់បានឆាប់រហ័ស៖
1. យល់ដឹងពីកាឡូរី
នៅពេលដែលយើងនិយាយពីបញ្ហាស្រកទំងន់ ឬឡើងទំងន់ យើងត្រូវនិយាយពីកាឡូរី (Calorie)។ កាឡូរី គឺជាសារជាតិមួយដែលគ្រប់គ្រងទំងន់របស់យើង នៅពេលយើងញាំអាហារដែលមានកាឡូរីច្រើន នឹងធ្វើអោយយើងឡើងទំងន់ច្រើនដូចគ្នា ស្របពេលជាមួយគ្នានេះដែរ ខ្លួនប្រាណយើងក៏មានលទ្ធភាពដុតសារជាតិកាឡូរីប្រចាំថ្ងៃបានដូចគ្នា ដូច្នេះយើងត្រូវញាំកាឡូរីអោយបានច្រើនជាងអ្វីដែលរាងកាយយើងអាចដុតបាន។ រាងកាយយើងដុតកាឡូរីខ្លាំងនៅពេលដែលយើងហាត់ប្រាណ ដូច្នេះហើយទើបពេលយើងហាត់ប្រាណខ្លាំងអាចធ្វើអោយយើងស្រកទំងន់។
2. ជ្រើសរើសអាហារ
អាហារគ្រប់យ៉ាងបូករួមទាំងបន្លែសុទ្ធសឹងតែមានកាឡូរី គ្រាន់តែអាហារខ្លះមានកាឡូរីតិច ខ្លះមានច្រើនដូច្នេះយើងគួរជ្រើសរើសញាំតែអាហារណាដែលមានសារជាតិកាឡូរីច្រើនជាងគេទើបអាចជួយអោយយើងឡើងទំងន់បាន។ អាហារដែលសំបូរទៅដោយកាឡូរីមានដូចជា៖ បាយស, នំប៉័ង, ម្សៅ Mass Gainer ,
សាច់ជាប់ខ្លាញ់, ដំឡូង។ល។ ត្រូវជំរុញខ្លួនឯងអោយខំប្រឹងញាំច្រើនជាងធម្មតាទើបកាឡូរីដែលខ្លួនប្រាណយើងទទួលបានឡើងខ្ពស់។ កាឡូរីកាន់តែច្រើន គីឡូឡើងកាន់តែច្រើនដូចគ្នា។
3. ការហាត់ប្រាណ
យើងដឹងហើយថាការហាត់ប្រាណអាចធ្វើអោយយើងស្រកទំងន់វិញ តែបើយើងមិនហាត់សោះក៏អាចធ្វើអោយសុខភាពយើងមិនល្អដែរ។ អ្វីដែលយើងគួរធ្វើគឺយើងគួរហាត់ប្រាណបែបលក្ខណះលើកដុំដែក (WeightLifting) , វិធីសាស្ត្រក្នុងការលើកដុំដែកដើម្បីអោយឡើងទំងន់ យើងត្រូវដាក់ទំងន់អោយធ្ងន់ៗបំផុត បើមានអ្នកជួយយើងពីក្រោយកាន់តែល្អ និងសុវត្ថិភាព។ ការលើកដុំដែកធ្ងន់ៗនេះអាចធ្វើអោយឡើងទំងន់ផង និងទទួលបានសាច់ដុំផងក្នុងពេលតែមួយ។
4. ការសំរាក
ត្រូវប្រាកដថាយើងបានគេងគ្រប់គ្រាន់ជាពិសេសនៅពេលយប់ដើម្បីអោយមុខយើងពេញ និងឡើងទំងន់បានឆាប់រហ័ស។ មិនតែប៉ុណ្ណោះការគេងបានគ្រប់គ្រាន់អាចជួយយើងមានកំលាំងពេញលេញសំរាប់ថ្ងៃបន្ទាប់របស់យើងថែមទៀតផង។
យើងត្រូវមានគោលដៅច្បាស់លាស់ថាតើយើងចង់ឡើងទំងន់ប៉ុន្មានគីឡូ ក្នុងរយះពេលប៉ុន្មានសប្តាហ៍ បន្ទាប់មក យើងត្រូវតាមដានទំងន់របស់យើងជារៀងរាល់ថ្ងៃ ជាពិសេសគឺថ្លឹងទំងន់នៅពេលព្រឹកមុនញាំអាហារពេលព្រឹក។ ការតាមដានបែបនេះជាប្រចាំនឹងជួយអោយយើងឆាប់សំរេចបានគោលដៅរបស់យើង។
ប្រភពដោយ៖ REPEAT Gym